The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Overwhelming [Al-Ghashiya] - Khmer translation - Rowwad Translation Center
Surah The Overwhelming [Al-Ghashiya] Ayah 26 Location Maccah Number 88
តើរឿងរ៉ាវនៃថ្ងៃបរលោក(ជាថ្ងៃដែលមនុស្សគ្របដណ្តប់ទៅដោយភាពភ័យរន្ធត់)បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?
នៅក្នុងថ្ងៃនោះ ទឹកមុខ(ពួកគ្មានជំនឿ)មានភាពអាប់ឱន។
ពួកគេទទួលនូវការងារដែលហត់នឿយបំផុត។
ពួកគេទទួលរងនូវកម្តៅភ្លើងនរកដ៏សែនក្ដៅបំផុត។
គេបញ្រ្ចកទឹកដ៏សែនក្តៅបំផុតឱ្យពួកគេផឹក។
គ្មានចំណីអាហារសម្រាប់ពួកគេឡើយ លើកលែងតែចំណីអាហារដ៏អាក្រក់បំផុតប៉ុណ្ណោះ។
វាមិនបានធ្វើឱ្យគេធំធាត់ ហើយក៏មិនធ្វើឱ្យគេបាត់ឃ្លាននោះដែរ។
នៅថ្ងៃនោះ ទឹកមុខ(អ្នកមានជំនឿ)ពោរពេញដោយភាពសប្បាយរីករាយ
ដោយសារពួកគេពេញចិត្តចំពោះការខិតខំប្រឹងប្រែង(របស់ខ្លួន)។
(ពួកគេ)ស្ថិតក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។
នៅក្នុងឋានសួគ៌នោះ គេមិនឮនូវពាក្យសម្តីឥតបានការឡើយ។
នៅទីនោះ គឺមានប្រភពទឹកហូរជាច្រើន។
នៅទីនោះដែរ គឺមានគ្រែខ្ពស់ៗជាច្រើន
និងកែវដែលគេបានរៀបចំទុករួចជាសេ្រច
ព្រមទាំងខ្នើយកើយដែលគេរៀបជាជួរៗ
ហើយនិងកម្រាលព្រំជាច្រើនដែលគេបានក្រាលរួចជាសេ្រច។
ដូច្នេះ តើពួកគេមិនសង្កេតមើលទៅកាន់សត្វអូដ្ឋទេឬ ថាតើវាត្រូវបានគេបង្កើតយ៉ាងដូចម្តេច?
និងសង្កេតមើលទៅកាន់មេឃ ថាតើវាត្រូវបានគេលើកឱ្យខ្ពស់ឡើងយ៉ាងដូចមេ្ដច?
និងសង្កេតមើលទៅកាន់ភ្នំទាំងឡាយ ថាតើគេភ្ជាប់វាទៅនឹងដីយ៉ាងដូចមេ្ដច?
និងសង្កេតមើលទៅកាន់ផែនដី ថាតើគេលាតសន្ធឹងវាយ៉ាងដូចមេ្ដច?
ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់រំលឹកចុះ។ តាមពិត អ្នកគ្រាន់តែជាអ្នកដាស់រំលឹកប៉ុណ្ណោះ។
អ្នកពុំមែនជាអ្នកបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។
ក៏ប៉ុន្តែ ជនណាដែលបានងាកចេញ ហើយប្រឆាំង
អល់ឡោះនឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។
បន្ទាប់មក ការជំនុំជម្រះរបស់ពួកគេ គឺជាតួនាទីរបស់យើង(តែមួយគត់)។