The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Dawn [Al-Fajr] - Khmer translation - Rowwad Translation Center
Surah The Dawn [Al-Fajr] Ayah 30 Location Maccah Number 89
(អល់ឡោះ)ស្បថនឹងពេលទៀបភ្លឺ(ពេលហ្វាជើរ)។
(ទ្រង់)ស្បថនឹងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។
(ទ្រង់)ស្បថនឹងចំនួនគូ និងចំនួនសេស។
(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាកន្លងផុតទៅ។
តើការស្បថទាំងអស់នោះមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកដែលមានសតិបញ្ញាទេឬ?
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ថាតើព្រះជាម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះក្រុមអាទ
និងកុលសម្ព័ន្ធអ៊ីរ៉មដែលមានកម្លាំងខ្លាំងក្លា និងសំណង់ខ្ពស់ៗ
ដែលគេ(អល់ឡោះ)មិនដែលបានបង្កើតដូចវានោះឡើយនៅលើទឹកដីនេះ?
ហើយ(តើទ្រង់បានធ្វើដូចមេ្ដចចំពោះ)ក្រុមសាមូដដែលពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋាននោះ
និងចំពោះហ្វៀរអោនដែលមានពលទាហានជាច្រើន
ដែលពួកគេបានបំពាននៅក្នុងទឹកដី(របស់ពួកគេ)នោះ?
ពិតណាស់ ពួកគេបានបង្កវិនាសកម្មយ៉ាងច្រើននៅលើទឹកដីនោះ។
ដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ។
ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក ទ្រង់ពិតជាអ្នកដែលឃ្លាំមើល។
រីឯមនុស្សលោក កាលណាព្រះជាម្ចាស់របស់គេបានសាកល្បងរូបគេដោយទ្រង់បានលើកតម្កើង និងប្រទាននូវឧបការគុណដល់គេ គេនិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំបានលើកតម្កើងខ្ញុំ។
រីឯកាលណាទ្រង់សាកល្បងរូបគេដោយបានត្បិតត្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះរូបគេវិញ គេបែរជានិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំអាប់ឱន។
ពុំដូច្នោះឡើយ! ផ្ទុយទៅវិញ ពួកអ្នកគ្មានចិត្តសប្បុរសចំពោះក្មេងកំព្រាឡើយ។
ហើយពួកអ្នកក៏មិនជំរុញគ្នាឱ្យផ្តល់អាហារដល់ជនក្រីក្រនោះដែរ។
ហើយពួកអ្នកកេងប្រវ័ញ្ចសិទ្ធិរបស់អ្នកទន់ខ្សោយទាំងឡាយយ៉ាងខ្លាំង។
ហើយពួកអ្នកថែមទាំងស្រលាញ់ទ្រព្យសម្បត្ដិខ្លាំងហួសហេតុ។
មិនដូច្នោះឡើយ! នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យញ័ររញ្ជួយ
ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានយាងមកដល់ និងម៉ាឡាអ៊ីកាត់ជាច្រើនបានតម្រៀបគ្នាជាជួរៗ។
ហើយនៅថ្ងៃនោះ គេបាននាំមកនូវនរកជើហាន់ណាំ។ នៅថ្ងៃនោះ មនុស្សលោកនឹងភ្ញាក់រលឹក។ តើការភ្ញាក់រលឹកនោះអាចផ្តល់ផលប្រយោជន៍ដល់គេយ៉ាងដូចម្តេច?
គេនិយាយថា៖ ឱអនិច្ចាខ្លួនខ្ញុំអើយ! គួរណាស់តែខ្ញុំបានសាងអំពើល្អសម្រាប់ឆាកជីវិតរបស់ខ្ញុំ(ក្នុងថ្ងៃនេះ)!
ដូច្នេះ នៅក្នុងថ្ងៃនោះ គ្មាននរណាម្នាក់អាចដាក់ទណ្ឌកម្មដូចទណ្ឌកម្មរបស់ទ្រង់នោះឡើយ។
ហើយក៏គ្មាននរណាម្នាក់អាចចងចំណង ដូចចំណងរបស់ទ្រង់នោះដែរ។
ឱព្រលឹងដែលមានភាពនឹងនរ!
ចូរអ្នកត្រលប់ទៅកាន់ព្រះជាម្ចាស់របស់អ្នកដោយការពេញចិត្តចំពោះទ្រង់ ហើយទ្រង់ក៏ពេញចិត្តចំពោះអ្នកដែរ។
ដូច្នេះ ចូរអ្នកចូលក្នុងចំណោមខ្ញុំបម្រើរបស់យើង(ដែលជាអ្នកសាងទង្វើកុសល)។
ហើយចូរអ្នកចូលឋានសួគ៌របស់យើងចុះ។