عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

Repentance [At-Taubah] - Khmer translation - Rowwad Translation Center

Surah Repentance [At-Taubah] Ayah 129 Location Madanah Number 9

នេះគឺជាការកាត់ផ្តាច់ទំនាក់ទំនងរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ចំពោះអ្នកទាំងឡាយដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយក្នុងចំណោមពួកមុស្ហរីគីន។

ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ធ្វើដំណើរនៅលើផែនដីរយៈពេលបួនខែ(ដោយសុវត្ថិភាព)ចុះ។ ហើយចូរពួកអ្នកដឹងចុះថា ជាការពិតណាស់ ពួកអ្នកនឹងមិនអាចគេចផុតពី(ទណ្ឌកម្ម)អល់ឡោះឡើយ ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ជាអ្នកធ្វើឱ្យពួកគ្មានជំនឿអាប់ឱន។

ហើយនេះជាសេចក្តីប្រកាសពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកទាំងអស់នាថ្ងៃបុណ្យហាជ្ជីធំ(ថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ)ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់មិនពាក់ព័ន្ធនឹងពួកមុស្ហរីគីនទៀតឡើយ។ ដូច្នេះ ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សារភាពកំហុសនោះ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកងាកចេញវិញនោះ ចូរពួកអ្នកដឹងចុះថា ពួកអ្នកពិតជាមិនអាចគេផុតពីអល់ឡោះជាម្ចាស់ឡើយ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគ្មានជំនឿនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

លើកលែងតែពួកមុស្ហរីគីនទាំងឡាយណាដែលពួកអ្នកបានចុះកិច្ចព្រមព្រៀងជាមួយពួកគេ ក្រោយមក ពួកគេមិនបានបំពាននូវប្រការណាមួយចំពោះពួកអ្នក(ក្នុងកិច្ចព្រមព្រៀងនោះ) ហើយពួកគេក៏មិនបានគាំទ្រនរណាម្នាក់ប្រឆាំងនឹងពួកអ្នកនោះដែរ។ ដូច្នេះ ចូរពួកអ្នកបំពេញនូវកិច្ចព្រមព្រៀងនោះដល់ពួកគេ រហូតដល់ពេលកំណត់របស់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលកោតខ្លាច។

ដូចនេះ បើកាលណាបណ្តាខែពិសិដ្ឋ(ដែលពួកអ្នកបានឱ្យពួកមុស្ហរីគីនមានសុវត្ថិភាពនោះ)បានបញ្ចប់ ចូរពួកអ្នកសម្លាប់ពួកមុស្ហរីគីនចុះនៅកន្លែងណាក៏ដោយដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកចាប់ពួកគេឈ្លើយសឹក និងឡោមព័ទ្ធពួកគេ ព្រមទាំងចាំឃ្លាំមើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេសារភាពកំហុស ហើយប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់នោះ ដូច្នេះ ចូរពួកអ្នកបោះបង់(បញ្ឈប់)ការសម្លាប់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីនបានសុំឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជួយការពាររូបគេនោះ ចូរអ្នកឆ្លើយតបចំពោះសំណើរបស់គេចុះដើម្បីឱ្យគេបានស្តាប់បន្ទូលរបស់អល់ឡោះ(គម្ពីរគួរអាន)។ ក្រោយមក ចូរអ្នកនាំគេទៅកាន់កន្លែងដែលមានសុវត្ថិភាពចុះ។ នោះគឺដោយតែពួកគេ គឺជាក្រុមមួយដែលមិនយល់ដឹងឡើយ។

មិនត្រឹមត្រូវទេដែលពួកមុស្ហរីគីនមានកិច្ចព្រមព្រៀងជាមួយអល់ឡោះនិងជាមួយអ្នកនាំសាររបស់ទ្រង់នោះ លើកលែងតែអ្នកទាំងឡាយដែលពួកអ្នក(ឱអ្នកមូស្លីម)បានចុះកិច្ចព្រមព្រៀងជាមួយពួកគេនៅឯម៉ាស្ជិតហារ៉មប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើពួកគេនៅតែគោរពកិច្ចព្រមព្រៀងជាមួយពួកអ្នកនោះ ចូរពួកអ្នកគោរពកិច្ចព្រមព្រៀងជាមួយពួកគេវិញចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលកោតខ្លាច។

តើ(ពួកគេអាចមានកិច្ចព្រមព្រៀងពីអល់ឡោះ)យ៉ាងដូចម្តេច បើនៅពេលដែលពួកគេមានប្រៀបលើពួកអ្នក គឺពួកគេមិនខ្វល់ថាពួកអ្នកជាសាច់ញាតិ ហើយក៏មិនខ្វល់ថាពួកអ្នកមានកិច្ចព្រមព្រៀង(ជាមួយពួកគេ)ផងនោះ? ពួកគេយល់ព្រមជាមួយពួកអ្នកតែនឹងមាត់របស់ពួកគេប៉ុណ្ណោះ តែចិត្តរបស់ពួកគេវិញ គឺបដិសេធ។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

ពួកគេបានយកបណ្តាវាក្យខណ្ឌរបស់អល់ឡោះប្តូរនឹងកម្រៃបន្តិចបន្តួច។ ពិតណាស់ ពួកគេបានរារាំង(ខ្លួនឯង និងរារាំងអ្នកដទៃ)ពីមាគ៌ារបស់ទ្រង់។ ពិតប្រាកណាស់ អ្វីដែលពួកគេប្រព្រឹត្តនោះ គឺអាក្រក់បំផុត។

ពួកគេមិនខ្វល់ថាអ្នកមានជំនឿនោះជាជាសាច់ញាតិ(ពួកគេ) ឬមានកិច្ចព្រមព្រៀង(ជាមួយពួកគេ)នោះឡើយ។ ហើយពួកគេ គឺជាពួកដែលបំពាន។

ហើយប្រសិនបើពួកគេសារភាពកំហុស និងប្រតិបត្តិសឡាត ព្រមទាំងបានបរិច្ចាគហ្សាកាត់នោះ ពិតប្រាកដណាស់ ពួកគេគឺជាបងប្អូនរួមសាសនារបស់ពួកអ្នក។ ហើយយើងបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌរបស់យើងសម្រាប់ក្រុមដែលយល់ដឹង។

តែប្រសិនបើពួកគេ(ពួកមុស្ហរីគីន)បានរំលាយកិច្ចព្រមព្រៀងរបស់ពួកគេក្រោយពីបានចុះកិច្ចព្រមព្រៀង(ជាមួយពួកអ្នក)ហើយនោះ ព្រមទាំងបានមើលងាយសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងពួកមេដឹកនាំនៃពួកប្រឆាំងចុះ។ ពិតប្រាកដណាស់ គ្មានកិច្ចព្រមព្រៀងអ្វីសម្រាប់ពួកគេទៀតនោះឡើយ។ សង្ឃឹមថាពួកគេនឹងបញ្ឈប់(ទង្វើទាំងនោះ)។

ហេតុអ្វីបានជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនប្រយុទ្ធនឹងក្រុមមួយដែលបានរំលាយកិច្ចព្រមព្រៀងរបស់ពួកគេ និងមានបំណងបណ្តេញអ្នកនាំសារ(ចេញពីក្រុងម៉ាក្កះ)ព្រមទាំងពួកគេជាពួកដែលផ្តើមប្រយុទ្ធនឹងពួកអ្នកដំបូងគេបង្អស់នោះ? តើពួកអ្នកខ្លាចពួកគេឬ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទៅវិញទេដែលសក្ដិសមនឹងពួកអ្នកខ្លាចទ្រង់នោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿមែននោះ។

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធនឹងពួកគេ(ពួកមុស្ហរីគីន)ចុះ។ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មពួកគេដោយស្នាដៃរបស់ពួកអ្នក និងធ្វើឱ្យពួកគេអាប់ឱន ព្រមទាំងជួយពួកអ្នកឱ្យយកឈ្នះលើពួកគេ ហើយនិងធ្វើឱ្យទុក្ខកង្វល់ទាំងឡាយរសាយចេញពីដួងចិត្តក្រុមដែលមានជំនឿ។

ហើយទ្រង់នឹងធ្វើឱ្យកំហឹងរសាយចេញពីដួងចិត្តរបស់ពួកគេ(អ្នកមានជំនឿ)ផងដែរ។ ហើយអល់ឡោះនឹងទទួលយកនូវការសារភាពកំហុសចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹកស្មានថា ពួកអ្នកត្រូវបានគេបោះបង់(មិនទទួលសាកល្បងពីអល់ឡោះ)ឬ? (ពួកអ្នកពិតជានឹងត្រូវបានគេសាកល្បង) ដើម្បីឲ្យអល់ឡោះដឹងច្បាស់ថា តើអ្នកណាដែលតស៊ូ(ប្រយុទ្ធ)ក្នុងចំណោមពួកអ្នក ហើយពួកគេមិនយកអ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអ្នកមានជំនឿធ្វើជាអ្នកគាំពារឡើយ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

មិនសក្តិសមឡើយសម្រាប់ពួកមុស្ហរីគីនក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះ ទាំងដែលពួកគេជាអ្នកដែលទទួលស្គាល់លើខ្លួនឯងនូវភាពគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេនឹងក្លាយជាអសារបង់ ហើយពួកគេនឹងត្រូវស្ថិតក្នុងឋាននរកជាអមតៈ។

តាមពិត អ្នកដែល(សក្ដិសម)ក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះនោះ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមិនខ្លាច(នរណាម្នាក់)ក្រៅពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្នកទាំងនោះ សង្ឃឹមថាជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។

តើពួកអ្នក(ឱពួកមុស្ហរីគីន)ចាត់ទុកការផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉ម ដូចគ្នានឹងអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់អល់ឡោះឬ? ពួកគេ(ទាំងពីរក្រុម)មិនស្មើគ្នានោះឡើយចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញក្រុមដែលបំពានឡើយ។

បណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេនោះ គឺមានឋានៈខ្ពង់ខ្ពស់បំផុតនៅឯអល់ឡោះជាម្ចាស់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។

ព្រះជាម្ចាស់របស់ពួកគេបានផ្តល់ដំណឹងរីករាយដល់ពួកគេពីក្តីមេត្តាករុណាអំពីទ្រង់ និងការពេញចិត្ត(របស់ទ្រង់ចំពោះពួកគេ) ព្រមទាំងឋានសួគ៌ ដោយពួកគេទទួលបាននូវបរមសុខគ្មានទីបញ្ចប់ឡើយនៅក្នុងវា។

ពួកគេស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យដ៏ធំធេងបំផុត។

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកជីដូនជីតារបស់ពួកអ្នក និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេពេញចិត្តភាពគ្មានជំនឿជាងការមានជំនឿនោះ។ ហើយជនណាដែលយកពួកគេធ្វើជាអ្នកគាំពារក្នុងចំណោមពួកអ្នក ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកដែលបំពាន។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើឪពុកម្តាយរបស់ពួកអ្នក(ឱអ្នកមានជំនឿ) កូនចៅរបស់ពួកអ្នក បងប្អូនរបស់ពួកអ្នក ប្រពន្ធរបស់ពួកអ្នក សាច់ញាតិរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នកខិតខំប្រមូល ហើយនិងជំនួញដែលពួកអ្នកខ្លាចខាតបង់វា ព្រមទាំងលំនៅដ្ឋាន(របស់ពួកអ្នក)ដែលពួកអ្នកពេញចិត្តវានោះ ជាទីស្រលាញ់ពេញចិត្តចំពោះពួកអ្នកជាងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយនិងការតស៊ូក្នុងមាគ៌ារបស់ទ្រង់នោះ ចូរពួកអ្នករង់ចាំចុះ រហូតដល់កិច្ចការ(ទណ្ឌកម្ម)របស់ទ្រង់បានមកដល់។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញក្រុមដែលប្រព្រឹត្តល្មើសឡើយ។

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ក្នុងសមរភូមិជាច្រើន។ ហើយនៅថ្ងៃសមរភូមិហ៊ូណែនវិញ នៅពេលដែលចំនួនដ៏ច្រើនរបស់ពួកអ្នកបានធ្វើឱ្យពួកអ្នកមានមោទនភាព ក៏ប៉ុន្តែវាមិនបានផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ពួកអ្នកនោះឡើយ។ ហើយផែនដីដែលធំទូលាយប្រែជាតូចចង្អៀតសម្រាប់ពួកអ្នក។ ក្រោយមក ពួកអ្នកបានរត់បកក្រោយ(ចេញពីសត្រូវរ)។

បន្ទាប់មក អល់ឡោះជាម្ចាស់បានបញ្ចុះភាពនឹងនររបស់ទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ។ ហើយទ្រង់បានបញ្ចុះកងទ័ព(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលពួកអ្នកមើលមិនឃើញពួកគេ(ឱ្យមកជួយពួកអ្នក) ហើយទ្រង់បានដាក់ទណ្ឌកម្មពួកដែលប្រឆាំង។ ហើយនោះ គឺជាការតបស្នងចំពោះពួកដែលប្រឆាំង។

ក្រោយមក អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកនូវការសារភាពកំហុសបន្ទាប់ពីនោះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

ឱបណ្តាអ្នកដែលមានជំនឿ! ពិតប្រាកដណាស់ ពួកមុស្ហរីគីន គឺមានភាពកខ្វក់(ណាជិស)។ ហេតុនេះ ចូរកុំឱ្យពួកគេចូលក្នុងម៉ាស្ជិតអាល់ហារ៉ម(ទឹកដីម៉ាក្កះ)ឲ្យសោះបន្ទាប់ពីឆ្នាំនេះទៅ(ឆ្នាំទីប្រាំបួនហិជ្ជរ៉ោះ)។ ហើយប្រសិនបើពួកអ្នក(ឱអ្នកមានជំនឿ)បារម្ភខ្លាចភាពក្រីក្រនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពគ្រប់គ្រាន់ដល់ពួកអ្នកដោយភាពសប្បុរសរបស់ទ្រង់ ប្រសិនបើទ្រង់មានចេតនា។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។

ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដា និងគ្រឹស្ទាន)ដែលមិនមានជំនឿចំពោះអល់ឡោះ ហើយក៏គ្មានជំនឿចំពោះថ្ងៃបរលោក និងមិនចៀសវាងពីប្រការទាំងឡាយដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ ព្រមទាំងមិនប្រកាន់ខ្ជាប់នូវសាសនាដ៏ត្រឹមត្រូវ(សាសនាឥស្លាម) រហូតដល់ពួកគេព្រមបង់ពន្ធដោយផ្ទាល់ដៃរបស់ពួកគេដោយភាពចុះញ៉ម។

ហើយពួកយូដាបាននិយាយថា៖ អ៊ូហ្សៃរ៍ គឺជាបុត្ររបស់អល់ឡោះ។ ចំណែកឯពួកគ្រឹស្ទានវិញបាននិយាយថា៖ អាល់ម៉ាសៀហ(យេស៊ូគ្រឹស្ទ) គឺជាបុត្ររបស់អល់ឡោះ។ នោះគឺគ្រាន់តែជាពាក្យសម្តី(ប្រឌិត)ដែលចេញពីមាត់របស់ពួកគេប៉ុណ្ណោះ។ វាដូចគ្នាទៅនឹងពាក្យសម្តីរបស់ពួកប្រឆាំងជំនាន់មុនដូច្នោះដែរ។ អល់ឡោះក៏បានបំផ្លាញពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញ(ពីសេចក្តីពិត)យ៉ាងដូចម្តេច?

ពួកគេបានយកអ្នកចេះដឹងរបស់ពួកគេ និងពួកបុព្វជិតរបស់ពួកគេធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះ ព្រមទាំងបានយកអាល់ម៉ាសៀហ(ព្យាការីអ៊ីសា)កូនប្រុសរបស់ម៉ារយ៉ាំ(ធ្វើជាព្រះផងដែរ)។ ហើយគេ(អល់ឡោះ)មិនបានប្រើពួកគេនោះឡើយ លើកលែងតែឲ្យពួកគេគោរពសក្ការៈចំពោះព្រះជាម្ចាស់តែមួយគត់។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។

ពួកគេ(ពួកប្រឆាំង)មានបំណងចង់ពន្លត់ពន្លឺរបស់អល់ឡោះ(សាសនាអ៊ីស្លាម)ដោយមាត់របស់ពួកគេ តែអល់ឡោះបដិសេធ(មិនឱ្យគោលបំណងរបស់ពួកគេបានសម្រេចឡើយ)។ ផ្ទុយទៅវិញ ទ្រង់បំពេញពន្លឺរបស់ទ្រង់ ទោះបីជាពួកប្រឆាំងមិនពេញចិត្តក៏ដោយ។

ទ្រង់គឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដោយនាំមកនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និងសាសនាដ៏ពិត(សាសនាអ៊ីស្លាម)ដើម្បីឱ្យវាមានភាពខ្ពង់ខ្ពស់លើសសាសនាដទៃទៀតទាំងអស់ បើទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តក៏ដោយ។

ឱបណ្តាអ្នកដែលមានជំនឿ! ជាការពិតណាស់ ភាគច្រើននៃអ្នកចេះដឹងបស់ពួកយូដា និងពួកបុព្វជិតរបស់ពួកគ្រឹស្ទាន គឺពួកគេយកទ្រព្យសម្បត្តិមនុស្សលោកដោយខុសច្បាប់ ថែមទាំងបានរារាំង(ពួកគេ)ពីមាគ៌ារបស់អល់ឡោះ។ ហើយចំណែកពួកដែលប្រមែប្រមូលមាសប្រាក់ ហើយពួកគេមិនបានចេញហ្សាកាត់វាក្នុងមាគ៌ារបស់អល់ឡោះទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

នៅថ្ងៃ(បរលោក)ដែលគេយកវា(មាសប្រាក់នោះ)ទៅដុតក្នុងភ្លើងនរកជើហាន់ណាំ រួចគេយកវាទៅដុតរោលលើថ្ងាស់ ចំហៀងខ្លួន និងខ្នងរបស់ពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាអ្វីដែលពួកអ្នកខំប្រមែប្រមូលទុកសម្រាប់ខ្លួនឯងនោះ។ ដូចនេះ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកខិតខំប្រមែប្រមូលទុកនោះ។

ពិតប្រាកដណាស់ ចំនួនខែ(ក្នុងមួយឆ្នាំ)នៅឯអល់ឡោះជាម្ចាស់នោះ គឺមានចំនួនដប់ពីរខែដែលបានចារទុកនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហ៊ុលម៉ះហ៊្វូស)តាំងពីថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីមកម្ល៉េះ។ ក្នុងចំណោមនោះ គឺមានបួនខែជាខែបម្រាម។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពានខ្លួនឯងនៅក្នុងបណ្តាខែទាំងនោះឱ្យសោះ។ ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកមុស្ហរីគីនទាំងអស់ដូចដែលពួកគេបានប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នាដែរ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច។

តាមពិត ការលើកខែបម្រាម(ទៅកាន់ខែផ្សេង) គឺកាន់តែបន្ថែមភាពគ្មានជំនឿ(ដល់ពួកគេ)។ ហើយដោយសារការលើកខែនេះ ពួកគ្មានជំនឿត្រូវបានគេ(ស្ហៃតន)ធ្វើឲ្យវង្វេង ដោយពួកគេបានអនុញ្ញាតឱ្យ(ធ្វើសង្គ្រាម)ក្នុងខែបម្រាមមួយឆ្នាំដោយជំនួសនូវខែបម្រាមនេះទៅឆ្នាំក្រោយវិញដើម្បីឱ្យស្របនឹងចំនួនខែបម្រាមដែលអល់ឡោះទ្រង់បានដាក់បម្រាម(មិនឱ្យធ្វើសង្គ្រាម)។ ដូចនេះ ពួកគេបានអនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់។ គេ(ស្ហៃតន)បានតុបតែងលម្អសម្រាប់ពួកគេនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រឆាំងឡើយ។

ឱបណ្តាអ្នកដែលមានជំនឿ! តើមានរឿងអ្វីចំពោះពួកអ្នកបានជានៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នកថា៖ ចូរពួកអ្នកចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូស និងបន្តស្ថិតក្នុងលំនៅដ្ឋានរបស់ពួកអ្នកទៅវិញ? តើពួកអ្នកពេញចិត្តនឹងជីវិតលោកិយជាង(ការសោយសុខនៅ)ថ្ងៃបរលោកឬ? ជាការពិតណាស់ ភាពត្រេកត្រអាលនៃជីវិតលោកិយនេះ មិនអាចប្រៀបនឹងថ្ងៃបរលោកបានឡើយ លើកលែងតែបន្តិចប៉ុណ្ណោះ។

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនចេញទៅប្រយុទ្ធទេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកអ្នកនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ហើយទ្រង់នឹងជំនួសក្រុមមួយផ្សេងក្រៅពីពួកអ្នកជាមិនខាន ហើយពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ទ្រង់នោះឡើយ(ប្រសិនបើពួកអ្នកមិនចេញទៅប្រយុទ្ធនោះ)។ ហើយអល់ឡោះទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនជួយដល់គាត់(ព្យាការីមូហាំម៉ាត់)ទេនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានជួយដល់គាត់(រួចទៅហើយ) ខណៈពេលដែលពួកគ្មានជំនឿបានបណ្តេញគាត់ និងអាពូហ្ពាកើរ នៅពេលដែលគាត់ទាំងពីរស្ថិតនៅក្នុងរូងភ្នំ(ស៊ួរ)។ ពេលនោះ គាត់បាននិយាយទៅកាន់មិត្តរបស់គាត់(អាពូហ្ពាកើរ)ថា៖ ចូរអ្នកកុំព្រួយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយពួកយើង(ទ្រង់គាំទ្រ និងជួយពួកយើង)។ ខណៈនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះនូវភាពនឹងនររបស់ទ្រង់ទៅកាន់គាត់ ហើយទ្រង់បានពង្រឹងដល់គាត់តាមរយៈកងទ័ព(ម៉ាឡាអ៊ីកាត់)យ៉ាងច្រើនដែលពួកអ្នកមិនអាចមើលឃើញពួកគេបាន។ ហើយទ្រង់បានធ្វើឱ្យពាក្យពេចន៍របស់ពួកប្រឆាំងទាបថោកបំផុត។ រីឯពាក្យបន្ទូលរបស់អល់ឡោះវិញ គឺខ្ពង់ខ្ពស់ឡើង។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ចេញទៅប្រយុទ្ធទាំងក្នុងពេលងាយស្រួល និងពេលលំបាក ហើយចូរពួកអ្នកតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

ប្រសិនបើវា(ការធ្វើដំណើរដែលអ្នកអំពាវនាវពួកគេទៅកាន់នោះ)ជាទ្រព្យជ័យភណ្ឌដែលនៅជិត(ងាយយកបាន) ហើយការធ្វើដំណើរមិនលំបាកទេនោះ ប្រាកដជាពួកគេ(ពួកពុតត្បុត)នឹងគោរពតាមអ្នក(ចេញទៅប្រយុទ្ធជាមួយអ្នក)ជាមិនខាន។ ក៏ប៉ុន្តែ ផ្លូវធ្វើដំណើរ គឺវែងឆ្ងាយ លំបាកដល់ពួកគេ(ទើបពួកគេមិនចេញទៅជាមួយពួកអ្នក)។ ហើយពួកគេនឹងស្បថ(កុហក)ចំពោះអល់ឡោះថា៖ ប្រសិនបើពួកយើងមានលទ្ធភាពនោះ ពួកយើងប្រាកដជានឹងចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នកជាមិនខានឡើយ។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង។ ហើយអល់ឡោះទ្រង់ដឹងបំផុតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។

អល់ឡោះជាម្ចាស់បានអភ័យទោសដល់អ្នក(ចំពោះការដែលអ្នកអនុញ្ញាតឱ្យពួកគេមិនចេញទៅប្រយុទ្ធ)។ ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យពួកគេ(មិនចេញទៅប្រយុទ្ធ)បែបនេះ? រហូតទាល់តែអ្នកដឹងច្បាស់ថា អ្នកណាដែលស្មោះត្រង់ និងដឹងថា អ្នកណាដែលភូតកុហកសិន។

បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក គឺគ្មានហេតុផលអ្វីដែលពួកគេសុំអនុញ្ញាតពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនចេញទៅតស៊ូប្រយុទ្ធ(ក្នុងមាគ៌ាអល់ឡោះ)ដោយទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកគេនោះឡើយ។ ហើយអល់ឡោះទ្រង់ដឹងបំផុតចំពោះបណ្តាអ្នកដែលកោតខ្លាច។

តាមពិត ពួកដែលសុំអនុញ្ញាតពីអ្នក(មិនចេញទៅប្រយុទ្ធ)នោះ គឺជាពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយដួងចិត្តបស់ពួកគេមានការមន្ទិលសង្ស័យ។ ហើយពួកគេមានភាពស្ទាក់ស្ទើរដោយសារតែភាពសង្ស័យរបស់ខ្លួន។

ហើយប្រសិនបើពួកគេពិតជាមានបំណងចង់ចេញ(ទៅប្រយុទ្ធ)មែននោះ ប្រាកដជាពួកគេរៀបចំខ្លួន(សម្រាប់ការប្រយុទ្ធ)ជាមិនខានឡើយ។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់មិនពេញចិត្តឱ្យពួកគេចាកចេញ(ទៅប្រយុទ្ធជាមួយអ្នក)ឡើយ។ ដូច្នេះ ទ្រង់បានធ្វើឱ្យពួកគេមានភាពខ្ជិលច្រអូស។ ហើយមានគេនិយាយថា៖ ចូរពួកអ្នកស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)ជាមួយអ្នកស្នាក់នៅផ្ទះទាំងឡាយចុះ។

ប្រសិនបើពួកគេចេញទៅ(ប្រយទ្ធ)ជាមួយពួកអ្នក ក៏ពួកគេគ្មានបានបន្ថែមអ្វីដល់ពួកអ្នកក្រៅពីបង្កគ្រោះថ្នាក់នោះឡើយ ហើយពួកគេរួសរាន់ក្នុងការចូលជួររបស់ពួកអ្នកដើម្បីបង្កនូវភាពវឹកវរដល់ពួកអ្នកប៉ុណ្ណោះ។ ហើយក្នុងចំណោមពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) គឺមានអ្នកដែលស្តាប់តាមពួកគេផងដែរ។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។

ជាការពិតណាស់ ពួកគេ(ពួកពុតត្បុត)ធ្លាប់បានព្យាយាមបង្កភាពវឹកវរតាំងពីមុន(សង្គ្រាមតាពូក)មកម្ល៉េះ ហើយពួកគេបានរៀបចំឧបាយកលជាច្រើនប្រភេទប្រឆាំងនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) រហូតទាល់តែការពិត(ជំនួយពីអល់ឡោះ)មកដល់។ ហើយកិច្ចការរបស់អល់ឡោះ(សាសនាឥស្លាម)បានស្តែងឡើង ខណៈដែលពួកគេមិនពេញចិត្តនោះឡើយ។

ហើយក្នុងចំណោមពួកគេ មានអ្នកដែលនិយាយថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! សូមអ្នកអនុញ្ញាតដល់ខ្ញុំ(មិនចេញទៅធ្វើសង្គ្រាមផង) ហើយសូមអ្នកកុំធ្វើឲ្យខ្ញុំទទួលនូវភាពរឹកវរ។ តើពុំមែនទេឬ ពួកគេបានធ្លាក់ក្នុងភាពវឹកវររួចទៅហើយ។ ហើយពិតប្រាកដណាស់ នរកជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកដែលប្រឆាំង។

ប្រសិនបើអ្នកទទួលបាននូវប្រការល្អ គឺធ្វើឲ្យពួកគេ(ពួកពុតត្បុត)មិនពេញចិត្តឡើយ។ តែប្រសិនបើអ្នកទទួលរងនូវគ្រោះថ្នាក់វិញនោះ ពួកគេនិយាយថា៖ ពួកយើងបានការពារខ្លួនរបស់ពួកយើង (ដោយមិនចេញទៅប្រយុទ្ធ)តាំងពីមុន។ ហើយពួកគេនាំគ្នាបែរចេញទាំងសប្បាយរីករាយ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកយើងមិនទទួលបានអ្វីក្រៅតែពីអ្វីដែលអល់ឡោះទ្រង់បានចារកំណត់សម្រាប់ពួកយើងប៉ុណ្ណោះ។ ទ្រង់ជាអ្នកគាំពារពួកយើង។ ហើយចំពោះទ្រង់(តែមួយគត់)ដែលបណ្តាអ្នកមានជំនឿប្រគល់ការទុកចិត្ត។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នករង់ចាំឱ្យកើតឡើងចំពោះពួកយើងដែលគ្មានអ្វីក្រៅពីប្រការល្អមួយក្នុងចំណោមប្រការល្អទាំងពីរ(ទទួលជ័យជម្នះ ឬពលីជីវិត))នោះឬ? រីឯពួកយើងវិញ ក៏កំពុងរង់ចាំមើលអ្វីដែលកើតឡើងចំពោះពួកអ្នកដែរ ដោយអល់ឡោះឲ្យពួកអ្នកទទួលនូវទណ្ឌកម្មពីទ្រង់ ឬ(ដាក់ទណ្ឌកម្មពួកអ្នក)ដោយស្នាដៃពួកយើងផ្ទាល់។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើការបរិច្ចាគចុះ។ ទោះបី(ពួកអ្នកបរិច្ចាគ)ដោយពេញចិត្ត ឬមិនពេញចិត្តក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីពួកអ្នកដែរ។ ពិតប្រាកដណាស់ ពួកអ្នកគឺជាក្រុមដែលធ្លាប់ប្រព្រឹត្តល្មើស។

ហើយគ្មានអ្វីដែលរារាំងពួកគេមិនឱ្យគេ(អល់ឡោះ)ទទួលយកការបរិច្ចាគពីពួកគេនោះឡើយ លើកលែងតែដោយសារពួកគេប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេមិនប្រតិបត្តិសឡាតឡើយ លើកលែងតែដោយភាពខ្ជិលច្រអូស ហើយពួកគេក៏មិនបរិច្ចាគទាននោះឡើយ លើកលែងតែពួកគេ(បរិច្ចាគទាំង)មិនពេញចិត្ត(ធ្វើដោយបង្ខំចិត្ត)ប៉ុណ្ណោះ។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេធ្វើឱ្យអ្នកចាប់អារម្មណ៍ឱ្យសោះ។ តាមពិត អល់ឡោះទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេតាមរយៈប្រការទាំងនេះនៅក្នុងជីវិតលោកិយ ហើយទ្រង់ដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលប្រឆាំង។

ហើយពួកគេ(ពួកពុតត្បុត)ស្បថនឹងអល់ឡោះថា៖ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមពួកអ្នក ខណៈដែលពួកគេមិនមែនស្ថិតក្នុងចំណោមពួកអ្នកនោះឡើយ។ ប៉ុន្តែពួកគេ គឺជាក្រុមដែលភ័យខ្លាច។

ប្រសិនបើពួកគេមានកន្លែងជ្រកោន ឬមានរូងភ្នំ ឬក៏មានរូងក្រោមដី(ដែលអាចលាក់ខ្លួនបាននោះ) ពួកគេប្រាកដជានឹងទៅរកទីនោះជាមិនខាន។ ហើយពួកគេនឹងចូលទៅទាំងប្រញាប់ប្រញាល់បំផុត។

ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែលរិះគន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿង(បែងចែក)ទ្រព្យបរិច្ចាគទាន។ ពិតប្រាកដណាស់ ប្រសិនបើគេផ្តល់មួយចំណែកអំពីវាដល់ពួកគេ គឺពួកគេពេញចិត្ត។ តែប្រសិនបើគេមិនផ្តល់អំពីវាដល់ពួកគេទេនោះ ស្រាប់តែពួកគេខឹងសម្បា។

ហើយប្រសិនបើពួកគេពេញចិត្តនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានផ្តល់ឱ្យពួកគេ ហើយពួកគេនិយាយថា៖ អល់ឡោះជាម្ចាស់(តែមួយគត់) គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង។ អល់ឡោះនឹងប្រទានឱ្យពួកយើងដោយភាពសប្បុរសរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់(ក៏នឹងផ្តល់ឱ្យពួកយើងនូវអ្វីដែលអល់ឡោះបានផ្តល់ដល់គាត់ដែរ)។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសង្ឃឹមចំពោះអល់ឡោះ។ (ប្រសិនបើពួកគេធ្វើដូច្នោះ គឺវាល្អប្រសើរបំផុតចំពោះពួកគេជាងការដែលពួកគេនិយាយរិះគន់)។

តាមពិត ទ្រព្យហ្សាកាត់នោះ គឺសម្រាប់តែអ្នកក្រខ្សត់ អ្នកទីទាល់ក្រ អ្នកដែលប្រមូលហ្សាកាត់ អ្នកដែលគេទាក់ទាញចិត្តពួកគេ អ្នកដែលចង់រំដោះខ្លួនពីនឹមទាសភាព អ្នកដែលលិចលង់ក្នុងបំណុល អ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ និងសម្រាប់អ្នកដំណើរដាច់ស្បៀង។ ជាកាតព្វកិច្ចមកពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។

ហើយក្នុងចំណោមពួកគេ គឺមានពួកដែលបង្កការឈឺចាប់ដល់ព្យាការី(មូហាំម៉ាត់)ដោយពួកគេនិយាយថា៖ គាត់ស្តាប់រាល់ពាក្យពេចន៍ទាំងអស់(មិនថាល្អ ឬអាក្រក់)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គាត់(ព្យាការីមូហាំម៉ាត់)ស្តាប់តែអ្វីដែលល្អសម្រាប់ពួកអ្នកប៉ុណ្ណោះ ហើយគាត់ជឿជាក់ចំពោះអល់ឡោះ និងជឿជាក់ចំពោះបណ្តាអ្នកដែលមានជំនឿ ព្រមទាំងមានចិត្តអាណិតស្រលាញ់ចំពោះបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក។ ហើយពួកដែលបង្កការឈឺចាប់ដល់អ្នកនាំសាររបស់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។

ពួកគេស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដើម្បីផ្គាប់ចិត្តពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទៅវិញទេដែលសក្ដិសមបំផុតសម្រាប់ពួកគេផ្គាប់ចិត្ត ប្រសិនបើពួកគេជាអ្នកមានជំនឿមែននោះ។

តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ ជនណាហើយដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺនរកជើហាន់ណាំដោយត្រូវស្ថិតក្នុងនោះជាអមតៈ។ នោះហើយជាភាពអាម៉ាស់មួយដ៏ធំធេងបំផុត។

ពួកពុតត្បុតទាំងនោះបារម្ភខ្លាចជំពូកណាមួយត្រូវបានបញ្ចុះទៅលើពួកគេដោយរៀបរាប់ប្រាប់បណ្តាអ្នកមានជំនឿពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នក(នែពួកពុតត្បុត)បន្តការសើចចំអក(ចំពោះសាសនារបស់អល់ឡោះ)ទៀតចុះ។ ជាការពិតណាស់ អល់ឡោះជាអ្នកដែលលាតត្រដាងនូវអ្វីដែលពួកអ្នកកំពុងតែបារម្ភខ្លាចនោះ។

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ ពួកគេប្រាកដជាឆ្លើយថា៖ តាមពិត ពួកយើងគ្រាន់តែចំអកលេង និងនិយាយលេងសើចប៉ុណ្ណោះ។ ចូរអ្នកពោលចុះថា៖ តើចំពោះអល់ឡោះ និងបណ្តាវាក្យខណ្ឌរបស់ទ្រង់ ព្រមទាំងអ្នកនាំសាររបស់ទ្រង់ ពួកអ្នកយកមកចំអកលេងសើចឬ?

ពួកអ្នកមិនបាច់និយាយដោះសារនោះឡើយ។ ពិតណាស់ ពួកអ្នកបានក្លាយជាអ្នកគ្មានជំនឿហើយ ក្រោយពីពួកអ្នកមានជំនឿរួច។ ប្រសិនបើយើងលើកលែងទោសឱ្យក្រុមណាមួយក្នុងចំណោមពួកអ្នក យើងក៏នឹងដាក់ទណ្ឌកម្មក្រុមមួយទៀតដែរ ដោយសារពួកគេគឺជាពួកដែលប្រព្រឹត្តអាក្រក់។

ពួកពុតត្បុតទាំងប្រុស ទាំងស្រី គឺមានលក្ខណៈដូចគ្នា។ ពួកគេប្រើគ្នាឱ្យប្រព្រឹត្តអំពើអាក្រក់ និងហាមឃាត់គ្នាពីអំពើល្អ ហើយពួកគេមានភាពកំណាញ់(ចំពោះការបរិច្ចាគទាន)។ ពួកគេភ្លេចអល់ឡោះ ដូច្នេះ ទ្រង់ក៏បំភ្លេចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួកពុតត្បុត ពួកគេគឺជាពួកដែលប្រព្រឹត្តល្មើស។

អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកគ្មានជំនឿនូវនរកជើហាន់ណាំ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ វាគ្រប់គ្រាន់សម្រាប់ពួកគេ។ អល់ឡោះបានដាក់បណ្តាសាពួកគេ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មជានិរន្តរ៍។

(ទង្វើរបស់ពួកអ្នកនេះ) គឺដូចទៅនឹងអ្នកជំនាន់មុនពួកអ្នកដែរ។ ពួកគេមានកម្លាំងខ្លាំងក្លាជាងពួកអ្នក ហើយមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងពួកអ្នកទៅទៀត។ ពួកគេសោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកគេ។ ហើយពួកអ្នកក៏សោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកអ្នកដូចដែលអ្នកជំនាន់មុនបានសោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកគេដែរ។ ហើយពួកអ្នកនិយាយចំអក(នឹងការពិត) ដូចដែលពួកគេបាននិយាយចំអកដូចគ្នាដែរ។ ពួកទាំងនោះ ទង្វើកុសលទាំងឡាយរបស់ពួកគេត្រូវក្លាយជាអសារបង់ ហើយពួកទាំងនោះ គឺជាពួកដែលខាតបង់។

តើមិនបានមកដល់ពួកគេទេឬនូវរឿងរ៉ាវរបស់អ្នកជំនាន់មុនពួកគេ ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ ក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម អ្នកស្រុកម៉ាទយ៉ាន់ និងភូមិស្រុកក្រុមរបស់ព្យាការីលូត? បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបានបំពានលើពួកគេឡើយ។ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯងនោះ។

ហើយបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី គឺជាអ្នកគាំពារគ្នាទៅវិញ។ ពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ ហើយហាមឃាត់គ្នាពីអំពើអាក្រក់។ ពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេគោរពប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ អ្នកទាំងនោះហើយដែលអល់ឡោះជាម្ចាស់នឹងផ្តល់ក្តីមេត្តាករុណាដល់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រីនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ ព្រមទាំងមានគេហដ្ឋានយ៉ាងល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្តពីអល់ឡោះ គឺធំធេងជាងនោះទៅទៀត។ នោះគឺជាជោគជ័យដ៏ធំធេងបំផុត។

ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកតស៊ូប្រយុទ្ធនឹងពួកគ្មានជំនឿ និងពួកពុតត្បុត ហើយត្រូវតស៊ូឱ្យខ្លាំងក្លាជាមួយពួកគេ។ កន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

ពួកគេស្បថនឹងអល់ឡោះថា៖ ពួកគេមិនបាននិយាយ(ប្រមាថចំពោះអ្នក និងសាសនារបស់អ្នក)នោះឡើយ ខណៈដែលពួកគេពិតជាបាននិយាយនូវពាក្យសម្តីដែល(នាំឲ្យពួកគេក្លាយជា)គ្មានជំនឿ ហើយពួកគេបានក្លាយជាអ្នកដែលគ្មានជំនឿក្រោយពីពួកគេបានចូលឥស្លាមហើយនោះ។ ហើយពួកគេប៉ុនប៉ងធ្វើនូវអ្វីដែលពួកគេមិនអាចសម្រេចបាន។ ពួកគេមិនអាចរកអ្វីមកប្រមាថដល់គាត់(ព្យាការីមូហាំម៉ាត់)នោះឡើយ លើកលែងតែអល់ឡោះទ្រង់បានប្រោសប្រទានឱ្យពួកគេដោយឱ្យពួកគេមានបានតាមរយៈការប្រោសប្រទានដល់អ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេសារភាពកំហុស វាជាការប្រសើរបំផុតសម្រាប់ពួកគេ។ តែប្រសិនបើពួកគេងាកចេញវិញនោះ អល់ឡោះទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយសម្រាប់ពួកគេនៅលើផែនដីនេះ គឺគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។

ហើយក្នុងចំណោមពួកគេ គឺមានអ្នកដែលបានសន្យានឹងអល់ឡោះថា៖ ប្រសិនបើអល់ឡោះជាម្ចាស់ផ្តល់ឱ្យពួកយើងនូវការប្រោសប្រទាន(លាភសក្ការៈ)អំពីទ្រង់នោះ ពួកយើងប្រាកដជានឹងធ្វើការបរិច្ចាគទាន ហើយពួកយើងប្រាកដជានឹងស្ថិតក្នុងចំណោមបណ្តាអ្នកដែលសាងទង្វើកុសលមិនខានឡើយ។

តែនៅពេលដែលទ្រង់បានប្រទានឱ្យពួកគេនូវការប្រោសប្រទានអំពីទ្រង់នោះ ពួកគេបែរជាកំណាញ់ចំពោះវាទៅវិញ។ ហើយពួកគេថែមទាំងបានបែរចេញ ខណៈដែលពួកគេជាពួកដែលប្រឆាំងថែមទៀត។

ដូចនេះ គេក៏បានដាក់ទណ្ឌកម្មពួកគេដោយដាក់ភាពពុតត្បុតទៅក្នុងដួងចិត្តរបស់ពួកគេ រហូតដល់ថ្ងៃដែលពួកគេជួបទ្រង់ ដោយសារតែពួកគេក្បត់នឹងអល់ឡោះចំពោះអ្វីដែលពួកគេបានសន្យានឹងទ្រង់ និងចំពោះអ្វីដែលពួកគេធ្លាប់បានកុហក។

តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតពីប្រការអាថ៌កំបាំងរបស់ពួកគេ និងការខ្សឹបខ្សៀវគ្នា(រៀបចំឧបាយកល)របស់ពួកគេនោះ? ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។

ពួកដែលមើលស្រាលសប្បុរសជនទាំងឡាយរបស់អ្នកមានជំនឿដែលពួកគេបានបរិច្ចាគទ្រព្យសម្បត្តិ និងអ្នកដែលពុំសូវមានទ្រព្យធនក្នុងការបរិច្ចាគ តែពួកគេបានបរិច្ចាគតាមលទ្ធភាពដែលពួកគេមាន ដោយពួកគេសើចចំអកឱ្យអ្នកទាំងនោះ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានសើចចំអកចំពោះពួកគេវិញដែរ ហើយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការអភ័យទោស(ពីអល់ឡោះ)ឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេ ហើយទោះបីអ្នកសុំការអភ័យទោសឱ្យពួកគេចិតសិបដងទៀតក៏ដោយ ក៏អល់ឡោះជាម្ចាស់មិនអភ័យទោសដល់ពួកគេនោះដែរ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះក្រុមដែលប្រព្រឹត្តល្មើសឡើយ។

ពួកគេ(ពួកពុតត្បុត)ដែលមិនទៅចូលរួមប្រយុទ្ធទាំងនោះ ពួកគេសប្បាយរីករាយក្នុងការស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)របស់ពួកគេដោយប្រព្រឹត្តផ្ទុយពី(បទបញ្ជា)អ្នកនាំសារបស់អល់ឡោះ ហើយពួកគេមិនពេញចិត្តក្នុងការតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះឡើយ ហើយពួកគេថែមទាំងនិយាយថា៖ ចូរពួកអ្នកកុំចេញ(ទៅប្រយុទ្ធ)ក្នុងពេលថ្ងៃក្តៅ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ភ្លើងនរកជើហាន់ណាំ គឺក្តៅខ្លាំងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។

ហេតុនេះ ចូរឱ្យពួកគេសើចសប្បាយបន្តិចសិនចុះ(ក្នុងលោកិយ) ហើយពួកគេនឹងយំសោកច្រើនបំផុត(នៅថ្ងៃបរលោក)ជាមិនខាន ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

ប្រសិនបើអល់ឡោះទ្រង់បញ្ជូនអ្នក(ឱព្យាការីមូហាំម៉ាត់)ឱ្យត្រឡប់ទៅកាន់ក្រុមមួយក្នុងចំណោមពួកគេ ហើយពួកគេសុំការអនុញ្ញាតពីអ្នកឲ្យពួកគេអាចចេញទៅប្រយុទ្ធ(ក្នុងសង្គ្រាមផ្សេងទៀត)នោះ ចូរអ្នកពោលចុះថា៖ ពួកអ្នក(ឱពួកពុតត្បុត)មិនអាចចេញទៅ(សមរភូមិផ្សេងទៀត)ជាមួយខ្ញុំបានជាដាច់ខាត ហើយពួកអ្នកក៏មិនអាចប្រយុទ្ធនឹងសត្រូវជាមួយនឹងខ្ញុំបាននោះដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញចិត្តក្នុងការស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)តាំងពីដំបូង(ក្នុងសមរភូមិតាពូក)មកហើយ។ ហេតុនេះ ចូរពួកអ្នកបន្តការស្នាក់នៅជាមួយនឹងអ្នកដែលមិនអាចចេញទៅប្រយុទ្ធទាំងឡាយ(អ្នកជំងឺ ស្ត្រី...)ចុះ។

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវសឡាតទៅលើសពនរណាម្នាក់នៃពួកគេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាត ហើយអ្នកក៏មិនត្រូវឈរនៅឯទីផ្លូវរបស់គេ(សុំការអភ័យទោសឱ្យគេ)នោះដែរ។ ពិតប្រាកដណាស់ ពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានស្លាប់ក្នុងខណៈដែលពួកគេជាពួកដែលប្រព្រឹត្តល្មើស។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេធ្វើឱ្យអ្នកចាប់អារម្មណ៍ឱ្យសោះ។ តាមពិត អល់ឡោះទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេតាមរយៈប្រការទាំងនេះនៅក្នុងជីវិតលោកិយ ហើយទ្រង់ដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលប្រឆាំង។

ហើយនៅពេលដែលគេ(អល់ឡោះ)បញ្ចុះជំពូកណាមួយដែលឱ្យពួកគេមានជំនឿចំពោះអល់ឡោះ និងត្រូវតស៊ូប្រយុទ្ធជាមួយអ្នកនាំសាររបស់ទ្រង់នោះ ពួកដែលមានទ្រព្យសម្បត្តិក្នុងចំណោមពួកគេបានសុំការអនុញ្ញាតពីអ្នក(មិនចូលរួមប្រយុទ្ធ) ហើយពួកគេនិយាយថា៖ សូមអ្នកមេត្តាទុកពួកយើងឲ្យនៅជាមួយអ្នកដែលស្នាក់នៅ(មិនអាចចេញទៅប្រយុទ្ធ)ទាំងឡាយផងចុះ។

ពួកគេពេញចិត្ត(នឹងឱ្យខ្លួនរបស់ពួកគេទទួលនូវភាពអាប់ឱន)ដោយការនៅជាមួយអ្នកដែលមិនអាចចេញទៅប្រយុទ្ធទាំងឡាយ(ដែលច្បាប់បានអនុគ្រោះ)។ ហើយគេ(អល់ឡោះ)បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនយល់ដឹងអ្វីឡើយ។

ចំណែកឯអ្នកនាំសារ(មូហាំម៉ាត់) និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់វិញ ពួកគេបានតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេ។ អ្នកទាំងនោះហើយ សម្រាប់ពួកគេនឹងទទួលបាននូវប្រការល្អជាច្រើន។ ហើយអ្នកទាំងនោះ ពួកគេគឺជាអ្នកដែលទទួលបានជោគជ័យ។

អល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ នោះហើយ គឺជាជោគជ័យដ៏ធំធេង។

ហើយពួកដែលដោះសារក្នុងចំណោមពួកអារ៉ាប់ជនបទបានមកដល់ដើម្បីឱ្យគេ(ព្យាការីមូហាំម៉ាត់)អនុញ្ញាតឱ្យពួកគេ(អាចអវត្តមានពីសមរភូមិ)។ ហើយពួកដែលមិនជឿជាក់ចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ពួកគេស្នាក់នៅ(មិនចេញទៅប្រយុទ្ធដោយមិនមកសុំការអនុញ្ញាតតែម្តង)។ ពួកដែលប្រឆាំងក្នុងចំណោមពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

គ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកទន់ខ្សោយទាំងឡាយ(ស្ត្រីភេទ មនុស្សចាស់ កូនក្មេង) និងអ្នកជំងឺ ហើយនិងអ្នកដែលមិនមានទ្រព្យដើម្បីបរិច្ចាគ(ចំពោះការដែលពួកគេមិនចេញទៅប្រយុទ្ធ)នោះ ប្រសិនបើពួកគេមានភាពស្មោះត្រង់ចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ គ្មានហេតុផលណាដែលត្រូវយកទោសពៃរ៍ចំពោះបណ្តាអ្នកដែលសាងអំពើល្អឡើយ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

ហើយក៏គ្មានទោសពៃរ៍អ្វីនោះដែរ(ចំពោះអ្នកដែលមិនបានទៅចូលរួមប្រយុទ្ធ) នៅពេលដែលពួកគេបានមកជួបនឹងអ្នកដោយសុំឲ្យអ្នកដឹកពួកគេ(ទៅសមរភូមិ) ហើយអ្នកបានតបទៅកាន់ពួកគេថា៖ ខ្ញុំគ្មានអ្វីសម្រាប់ដឹកពួកអ្នក(ទៅសមរភូមិ)នោះឡើយ។ ពួកគេក៏ត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខព្រួយ ព្រោះតែពួកគេគ្មានអ្វីសម្រាប់បរិច្ចាគ។

តាមពិត អ្នកដែលត្រូវទទួលទោសពៃរ៍នោះ គឺចំពោះតែអ្នកទាំងឡាយណាដែលពួកគេសុំការអនុញ្ញាតពីអ្នក(មិនចេញទៅប្រយុទ្ធ) ខណៈដែលពួកគេមានលទ្ធភាព(ទាំងទ្រព្យសម្បត្តិ និងខ្លួនប្រាណ)ប៉ុណ្ណោះ។ ពួកគេពេញចិត្ត(នឹងឱ្យខ្លួនរបស់ពួកគេទទួលនូវភាពអាប់ឱន)ដោយការនៅជាមួយអ្នកដែលមិនអាចចេញទៅប្រយុទ្ធទាំងឡាយ(ដែលច្បាប់បានអនុគ្រោះ)។ ហើយអល់ឡោះបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនដឹងអ្វីឡើយ។

ពួកគេ(ពុតត្បុត)នឹងនិយាយដោះសារទៅកាន់ពួកអ្នក(អ្នកមានជំនឿ)នៅពេលដែលពួកអ្នកវិលត្រឡប់(មកពីសមរភូមិ)ទៅកាន់ពួកគេវិញ។ ចូរអ្នកពោលថា៖ ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេ។ ពួកយើងមិនជឿពួកអ្នកឡើយ។ ពិតណាស់ អល់ឡោះទ្រង់បានប្រាប់ពួកយើងពីរឿងរ៉ាវរបស់ពួកអ្នកអស់ទៅហើយ។ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នឹងរង់ចាំមើលទង្វើរបស់ពួកអ្នក? ក្រោយមក គេនឹងនាំពួកអ្នកត្រឡប់ទៅកាន់(ព្រះជាម្ចាស់)អ្នកដែលដឹងបំផុតនូវប្រការអាថ៌កបាំង និងប្រការដែលលាតត្រដាង។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

ពួកគេនឹងស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នកនៅពេលដែលពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)វិលត្រឡប់មកកាន់ពួកគេដើម្បីកុំឲ្យពួកអ្នកស្ដីបន្ទោសពួកគេ។ ហេតុនេះ ចូរពួកអ្នកងាកចេញពីពួកគេចុះ។ ពិតប្រាកដណាស់ ពួកគេមានភាពកខ្វក់។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

ពួកគេស្បថចំពោះពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)ដើម្បីឱ្យពួកអ្នកអនុគ្រោះដល់ពួកគេ។ ប្រសិនបើពួកអ្នកអនុគ្រោះដល់ពួកគេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអនុគ្រោះដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។

ពួកអារ៉ាប់ជនបទ ភាពគ្មានជំនឿ និងភាពពុតត្បុត(របស់ពួកគេ) គឺខ្លាំងជាង(អ្នកទីក្រុង)ទៅទៀត(ដោយសារចិត្តពួកគេមានភាពរឹងរូស និងមិនសូវចូលចំណោមអ្នកចេះដឹង)។ (ដូចនេះ) ពួកគេសក្តិសមនឹងមិនដឹងពីក្បួនច្បាប់ផ្សេងៗដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់(បែបនេះហើយ)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានអ្នកចាត់ទុកអ្វីដែលគេបរិច្ចាគ(ក្នុងមាគ៌ារបស់អល់ឡោះ)នោះ គឺជាការខាតបង់ ហើយរូបគេរង់ចាំមើលប្រការអាក្រក់កើតមានលើពួកអ្នក(បណ្ដាអ្នកមានជំនឿ)។ ប៉ុន្តែ(តាមពិត)ប្រការអាក្រក់នោះ គឺកើតមានទៅលើពួកគេទៅវិញទេ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។

ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ ក៏មានអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយចាត់ទុកអ្វីដែលគេបរិច្ចាគ(ក្នុងមាគ៌ាអល់ឡោះនោះ) គឺជាការបញ្ជិតខ្លួនទៅចំពោះអល់ឡោះ និងទទួលបាននូវការបួងសួងពីអ្នកនាំសារ(របស់អល់ឡោះ)ដែរ។ តើពុំមែនទេឬ ទង្វើទាំងនោះ គឺជាការខិតខ្លួនជិត(ទៅចំពោះអល់ឡោះ)សម្រាប់ពួកគេនោះ? អល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្តាករុណារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

បណ្តាអ្នកដែលរួសរាន់ទៅកាន់ការមានជំនឿដំបូងគេក្នុងចំណោមអ្នកមូហាជីរីន និងអ្នកអាន់ស័រ ហើយនិងបណ្តាអ្នកដែលដើរ(តាមមាគ៌ា)ពួកគេដោយល្អប្រពៃនោះ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយជាជោគជ័យដ៏ធំធេង។

ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកនោះ គឺមានពួកពុតត្បុត។ ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងក្រុងម៉ាទីណះ ក៏មានពួកដែលបន្តស្ថិតក្នុងភាពពុតត្បុតដែរ ដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនស្គាល់ពួកគេនោះទេ តែយើងស្គាល់ពួកគេ។ យើងនឹងដាក់ទណ្ឌកម្មពួកគេពីរដង។ ក្រោយមក ពួកគេនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត(បាតនរក)។

ហើយ(ក្នុងចំណោមពួកគេដែរ)មានអ្នកផ្សេងទៀតដែលពួកគេទទួលស្គាល់កំហុសរបស់ខ្លួន(ដែលមិនបានចូលរួមប្រយុទ្ធ)ដោយពួកគេលាយឡំអំពើល្អជាមួយនឹងអំពើអាក្រក់ផ្សេងទៀត។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដកយកពីទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួនជាទ្រព្យហ្សកាត់ ដើម្បីជាការជម្រះសម្អាតពួកគេ(ពីអំពើល្មើស) និងលើកឋានៈរបស់ពួកគេ ហើយចូរអ្នកបួងសួងឱ្យពួកគេផង។ ពិតប្រាកដណាស់ ការបួងសួងរបស់អ្នក គឺជាភាពនឹងនរសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។

តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ និងទទួលយកការបរិច្ចាគទាំងឡាយ។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកធ្វើចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកមានជំនឿទាំងឡាយនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយគេនឹងនាំពួកអ្នកត្រឡប់ទៅកាន់(ព្រះជាម្ចាស់)អ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលអ្នកធ្លាប់បានសាង។

ហើយ(ក្នុងចំណោមអ្នកដែលអវត្តមានពីសង្គ្រាមតាពួកនោះដែរ) គឺមានអ្នកផ្សេងទៀតដែលពួកគេត្រូវបានគេពន្យារពេលរង់ចាំការសម្រេចរបស់អល់ឡោះ ដោយទ្រង់អាចនឹងដាក់ទណ្ឌកម្មពួកគេ ឬក៏ទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

ហើយ(ក្នុងចំណោមពួកពុតត្បុតនោះដែរគឺមាន)ពួកដែលបានកសាងម៉ាស្ជិតដើម្បីបង្កគ្រោះ(ដល់អ្នកមូស្លីម) និង(បង្ហាញនូវ)ភាពគ្មានជំនឿ ហើយនិងបំបែកបំបាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងដើម្បីជាការត្រៀមសម្រាប់ជនដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់តាំងពីមុន(ពេលសាងសង់)មកម្ល៉េះ។ ហើយពួកគេប្រាកដជានឹងស្បថថា៖ (ក្នុងការកសាងម៉ាស្ជិតនេះ) ពួកយើងគ្មានបំណងអ្វីក្រៅពីធ្វើល្អនោះឡើយ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលភូតកុហក។

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំសឡាតនៅក្នុងម៉ាស្ជិតជាដាច់ខាត។ ពិតប្រាកដណាស់ ម៉ាស្ជិត(គូហ្ពាក)ដែលត្រូវបានសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)តាំងពីថ្ងៃដំបូងនោះ គឺសក្ដិសមបំផុតសម្រាប់អ្នកក្នុងការសឡាតនៅក្នុងវាជាង(ម៉ាស្ជិតនេះ)។ នៅទីនោះ មានបុរសជាច្រើនដែលពួកគេចូលចិត្តជម្រះសម្អាត(ពីប្រការអាក្រក់ទាំងឡាយ)។ ហើយអល់ឡោះទ្រង់ស្រលាញ់បណ្ដាអ្នកដែលជម្រះសម្អាត។

តើអ្នកដែលបានសាងសង់សំណង់របស់ខ្លួននៅលើការកោតខ្លាច និងការពេញចិត្តពីអល់ឡោះល្អប្រសើរជាង ឬអ្នកដែលសាងសង់សំណង់របស់ខ្លួននៅលើមាត់ជ្រោះដែលហៀបតែនឹងបាក់ស្រុត ហើយរូបគេនិងសំណង់របស់គេនឹងធ្លាក់ទៅជាមួយគ្នាទៅក្នុងនរកជើហាន់ណាំនោះល្អប្រសើរជាង? ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។

សំណង់(ម៉ាស្ជិត)របស់ពួកគេដែលពួកគេបានកសាងនោះ នៅតែជាក្ដីមន្ទិលសង្ស័យក្នុងដួងចិត្តរបស់ពួកគេ រហូតដល់ដួងចិត្តរបស់ពួកគេត្រូវបានកាត់ផ្តាច់(ស្លាប់ ឬត្រូវគេសម្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

ពិតប្រាកដណាស់ អល់ឡោះទ្រង់បានទិញ(ប្តូរ)ពីបណ្ដាអ្នកមានជំនឿនូវជីវិតរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេដោយប្រទានដល់ពួកគេវិញនូវឋានសួគ៌។ ពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ដោយពួកគេបានសម្លាប់(ពួកប្រឆាំង) ហើយពួកគេក៏ត្រូវបានគេសម្លាប់វិញដែរ។ ការសន្យារបស់អល់ឡោះចំពោះរឿងនេះ គឺជាការពិតដែលមានបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត គម្ពីរអ៊ិញជីល និងគម្ពីរគួរអាន។ ហើយគ្មាននរណាម្នាក់ដែលគោរពពាក្យសន្យាជាងអល់ឡោះឡើយ។ ដូច្នេះ ចូរអ្នក(ឱបណ្ដាអ្នកមានជំនឿ)សប្បាយរីករាយជាមួយនឹងការលក់ដូររបស់ពួកអ្នកដែលបានព្រមព្រៀងវា(ជាមួយនឹងអល់ឡោះ)ចុះ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។

(ពួកគេទាំងនោះ) គឺបណ្តាអ្នកដែលសារភាពកំហុស អ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះ) អ្នកដែលកោតសរសើរ(ដល់អល់ឡោះ) អ្នកដែលបួស អ្នកដែលរូកុ អ្នកដែលស៊ូជោត(ក្នុងពេលប្រតិបត្តិសឡាត) អ្នកដែលប្រើគ្នាឱ្យធ្វើអំពើល្អ អ្នកដែលហាមឃាត់គ្នាពីអំពើអាក្រក់ ហើយនិងបណ្ដាអ្នកថែរក្សាច្បាប់បញ្ញត្តិទាំងឡាយរបស់អល់ឡោះ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿ។

មិនគប្បីឡើយចំពោះព្យាការី និងបណ្ដាអ្នកមានជំនឿដែលពួកគេសុំការអភ័យទោសពីអល់ឡោះឱ្យពួកមុស្ហរីគីននោះ ទោះបីជាពួកគេនោះជាសាច់ញាតិនឹងគ្នាក៏ដោយ បន្ទាប់ពីគេបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន) គឺជាពួកនរកជើហ៊ីមហើយនោះ។

ហើយការសុំអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមឱ្យឳពុករបស់គាត់នោះ គឺគ្មានអ្វីក្រៅពីដោយសារតែគាត់បានសន្យានឹងឪពុករបស់គាត់ថា នឹងសុំការអភ័យទោស(ពីអល់ឡោះ)ឱ្យគាត់ប៉ុណ្ណោះ។ តែនៅពេលដែលវាបានបញ្ជាក់ច្បាស់ដល់គាត់ថា ពិតប្រាកដណាស់ ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះនោះ គាត់ក៏បានដកខ្លួនចេញពីឪពុករបស់គាត់វិញ។ ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីម គឺអ្នកដែលឱនលំទោនចំពោះអល់ឡោះ ជាអ្នកខន្តីបំផុត។

ហើយអល់ឡោះមិនធ្វើឱ្យក្រុមណាមួយវង្វេងក្រោយពីពួកគេទទួលបានការចង្អុលបង្ហាញនោះឡើយ លុះត្រាតែទ្រង់បានបញ្ជាក់ប្រាប់ដល់ពួកគេនូវប្រការដែលពួកគេចាំបាច់ត្រូវចៀសវាង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

ពិតប្រាកដណាស់ អំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ប្រទានជីវិត និងដកហូតជីវិត។ ហើយសម្រាប់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)គ្មានអ្នកគាំពារ និងគ្មានអ្នកជួយណាក្រៅពីអល់ឡោះឡើយ។

ជាការពិតណាស់ អល់ឡោះទ្រង់បានទទួលយកការសារភាពកំហុសពីព្យាការី(មូហាំម៉ាត់) ពីអ្នកមូហាជីរីន និងអ្នកអាន់សរ៍ដែលពួកគេបានគោរពតាមគាត់(ព្យាការីមូហាំម៉ាត់)ក្នុងពេលវេលាដ៏លំបាកបំផុត(សមរភូមិតាពូក) ក្រោយពីដួងចិត្តក្រុមមួយក្នុងចំណោមពួកគេស្ទើរតែបោះបង់(ការប្រយុទ្ធ)ទៅហើយ។ ក្រោយមក ទ្រង់បានទទួលយកការសារភាពកំហុសពីពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាមេត្តាករុណា មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ។

ហើយ(ទ្រង់ក៏ទទួលយកការសារភាពកំហុសផងដែរ)ពីបុគ្គលបីរូបដែលពួកគេមិនបានចូលរួម(ក្នុងសមរភូមិតាពូក) រហូតដល់ផែនដីដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយដួងចិត្តរបស់ពួកគេក៏មានភាពចង្អៀតចង្អល់ផងដែរ (ដោយត្រូវគេទុកចោល) ហើយពួកគេបានដឹងថា គ្មានកន្លែងជ្រកកោនណាក្រៅពីអល់ឡោះ(សម្រាប់ពួកគេ)ឡើយ លើកលែងតែការវិលត្រឡប់ទៅកាន់ទ្រង់ប៉ុណ្ណោះ។ ក្រោយមក អល់ឡោះក៏បានចង្អុលបង្ហាញពួកគេឱ្យធ្វើការសារភាពកំហុស ហើយទ្រង់បានទទួលយកនូវការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកស្ថិតនៅជាមួយបណ្ដាអ្នកដែលទៀងត្រង់។

ចំពោះអ្នក(អ្នកមានជំនឿ)ដែលរស់នៅក្រុងម៉ាទីណះ និងពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកគេ គឺពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនស្រលាញ់ខ្លួនឯងជាងគាត់(អ្នកនាំសារមូហាំម៉ាត់)នោះដែរ។ នោះគឺដោយសារតែការស្រេកទឹក ការនឿយហត់ និងការស្រកឃ្លានមិនប៉ះពាល់ដល់ពួកគេនៅក្នុង(ការតស៊ូក្នុង)មាគ៌ារបស់អល់ឡោះឡើយ។ ពួកគេមិនឈានជើងទៅកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមានកំហឹង ហើយពួកគេក៏មិនដែលជួបប្រទះនូវគ្រោះអ្វីពីសត្រូវនោះដែរ ក្រៅពីអ្វីដែលគេបានកត់ត្រាឱ្យពួកគេនូវទង្វើកុសលប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើល្អឡើយ។

ហើយទោះបីជាពួកគេបរិច្ចាគទ្រព្យសម្បត្តិតិចក្ដី ច្រើនក្ដី ហើយទោះបីជាពួកគេឆ្លងកាត់ជ្រលងភ្នំណាមួយក៏ដោយ គឺសុទ្ធតែត្រូវបានគេកត់ត្រាសម្រាប់ពួកគេដើម្បីឱ្យអល់ឡោះនឹងតបស្នងដល់ពួកគេនូវអ្វី(ផលបុណ្យ)ដែលប្រសើរជាងអ្វីដែលពួកគេធ្លាប់បានសាងទៅទៀត។

ហើយចំពោះបណ្ដាអ្នកដែលមានជំនឿ គឺមិនគប្បីចេញទៅធ្វើសង្គ្រាមទាំងអស់គ្នានោះទេ។ ដូច្នេះ រាល់កុលសម្ព័ន្ធនីមួយៗត្រូវទុកមនុស្សមួយចំនួននៃពួកគេឲ្យស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)ដើម្បីឱ្យពួកគេឈ្វេងយល់ពីសាសនា(ឥស្លាម) និងដើម្បីទូន្មានក្រុមរបស់ខ្លួននៅពេលដែលក្រុមនោះបានត្រឡប់មកកាន់ពួកគេវិញ។ សង្ឃឹមថាពួកគេនឹងប្រុងប្រយ័ត្ន(ពីទណ្ឌកម្មរបស់អល់ឡោះ)។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រយុទ្ធនឹងពួកប្រឆាំងដែលនៅជិតពួកអ្នកបំផុត និងបង្ហាញឲ្យពួកគេឃើញពីភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្ដាអ្នកដែលកោតខ្លាច។

ហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានគេបញ្ចុះ ក្នុងចំណោមពួកគេ(ពួកពុតត្បុត) មានអ្នកខ្លះនិយាយថា៖ តើមានអ្នកណាក្នុងចំណោមពួកអ្នកដែលការបញ្ចុះជំពូកមួយនេះធ្វើឱ្យជំនឿរបស់គេកាន់តែកើនឡើងនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿវិញ ពិតណាស់(ការបញ្ចុះជំពូកនេះ) គឺធ្វើឲ្យជំនឿរបស់ពួកគេកាន់តែកើនឡើង(មានជំនឿកាន់តែខ្លាំង) ហើយពួកគេមានភាពសប្បាយរីករាយ។

រីឯពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺ(ពួកពុតត្បុត)វិញ ជាការពិតណាស់ វាកាន់តែបន្ថែមនូវភាពស្រពេចស្រពិលទៅលើភាពស្រពេចស្រពិលរបស់ពួកគេថែមទៀត ហើយពួកគេស្លាប់ ខណៈពេលដែលពួកគេជាពួកគ្មានជំនឿ។

តើពួកគេ(ពួកពុតត្បុត)ទាំងនោះមិនឃើញថា ពិតណាស់ពួកគេត្រូវបានគេសាកល្បងជារៀងរាល់ឆ្នាំ ចំនួនមួយដង ឬពីរដងទេឬ? ក្រោយមក ពួកគេនៅតែមិនសារភាពកំហុស(ចំពោះអល់ឡោះ) និងមិនភ្ញាក់រលឹកដដែល។

ហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានគេបញ្ចុះ ពួកគេក្រលេកមើលគ្នាទៅវិញទៅមក (រួចនិយាយថា៖) តើមាននរណាម្នាក់មើលឃើញពួកអ្នកដែរឬទេ? ក្រោយមក ពួកគេក៏ចាកចេញ(ពីកន្លែងជួបជុំនោះ)។ អល់ឡោះជាម្ចាស់បានបង្វែរចិត្តពួកគេដោយសារតែពួកគេ គឺជាក្រុមដែលគ្មានការយល់ដឹង។

ជាការពិតណាស់ អ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)ដែលចេញមកអំពីពូជពង្សរបស់ពួកអ្នក(ឱជនជាតិអារ៉ាប់)បានមកដល់ពួកអ្នកហើយ។ គាត់ជាអ្នកទទួលរងការលំបាកដូចអ្វីដែលពួកអ្នកបានទទួលរងដែរ។ គាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកអ្នក ហើយគាត់ជាអ្នកដែលមានភាពទន់ភ្លន់ និងក្តីមេត្តាករុណាចំពោះបណ្ដាអ្នកដែលមានជំនឿ។

តែប្រសិនបើពួកគេបែរចេញ(ពីអ្នក)នោះ ចូរអ្នកពោលថា៖ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែ(មួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយទ្រង់ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។